Smart saver cctime web bannertif

អង្គការភ្លែនដាក់ឱ្យប្រើប្រាស់«គម្រោងសាលារៀនសុវត្ថិភាព»ដើម្បីកាត់បន្ថយហានិភ័យលើកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ កាលពីនៅថ្ងៃទី ២៧ មករា បានរៀបចំពិធីសម្ពោធ «គម្រោងលើកកម្ពស់គំនិតផ្តួចផ្តើមសាលារៀនសុវត្ថិភាព» ដែលមានការគាំទ្រពី មូលនិធិព្រូដិនស៍ នៅមជ្ឈមណ្ឌលគរុកោសល្យខេត្តសៀមរាប។ គម្រោងសាលារៀនសុវត្ថិភាពមានគោលបំណងចង់ឃើញកុមារនៅក្នុងសហគមន៍ដែលមានហានិភ័យបំផុតក្នុងប្រទេសកម្ពុជា មានភាពធន់នឹងគ្រោះមហន្តរាយ និងមានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព តាមរយៈការបង្កើនការគាំទ្រពីក្រសួងពាក់ព័ន្ធនានា។

នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង មានប្រសានស៍ថា គម្រោងសាលារៀនសុវត្ថិភាពនេះ នឹងផ្តោតលើការពង្រឹងនិរន្តរភាពនៃកម្មវិធីសាលារៀនសុវត្ថិភាពនៅក្នុងសាលារៀនគោលដៅចំនួន ៩៦ តាមរយៈការបង្កើនភាពជាម្ចាស់ និងការគាំទ្រពីរដ្ឋាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងសហគមន៍មូលដ្ឋាន។

លោកស្រី គ្វីននេត វ៉ង បានបន្ដថា នេះជាដំណាក់កាលទី៣ នៃគម្រោងសាលារៀនសុវត្ថិភាព ដោយមានការគាំទ្រពី មូលនិធិព្រូដិនស៍ និងអង្គការភ្លែនអន្តរជាតិហុងកុង។ ដំណាក់កាលទី៣នេះត្រូវបានបន្ត ផ្អែកតាមលទ្ធផលនៃដំណាក់កាលទី១ និង ទី២ ដែលបានអនុវត្តក្នុងសាលារៀន គោលដៅ ចំនួន ៦០ ក្នុងខេត្តស្ទឹងត្រែង និងពង្រីកទៅសាលារៀន គោលដៅថ្មីចំនួន ៣៦ទៀត ក្នុងខេត្តសៀមរាប និងរតនគិរី។

គួរបញ្ជាក់ថា កិច្ចសហការគម្រោងសាលារៀនសុវត្ថិភាព ដំណាក់កាលទី១ បានចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ និងដំណាក់កាលទី២ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២២។ ចំណែកឯដំណាក់កាលទី៣នេះ បន្តពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង