
ជប៉ុន៖ ប្រតិភូក្រសួងអប់រំ ក្រោមការដឹកនាំ ឯកឧត្តម អ៊ុង បូរាត អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ កាលពីថ្ងៃទី១៨ មករា បានបំពេញទស្សនកិច្ចសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈចំនួន២នៅក្នុងខេត្ត Mie នៃប្រទេសជប៉ុន ដែលកម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុន Wonder Lab និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីចូលរួមលើកកម្ពស់ការអប់រំ STEM នៅប្រទេសកម្ពុជា។
ទស្សនកិច្ចសិក្សានេះត្រូវបានធ្វើឡើងក្នុងគោលដៅ សិក្សាស្វែងយល់ពីគំរូនៃការអនុវត្តកម្មវិធីទូរស័ព្ទដៃ Think! Think! នៅក្នុងថ្នាក់រៀននៃគ្រឹះស្ថានសិក្សាក្នុងប្រទេសជប៉ុន ស្វែងយល់ពីដំណើរការនៃការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងផលជះនៃការប្រើប្រាស់កម្មវិធីនេះក្នុងការអប់រំ ដើម្បីឈានទៅបញ្ជ្រាបការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា គ្រោងបំពេញទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា រហូតដល់ឆ្នាំ២០២៣នេះ កម្មវិធី Think! Think! ត្រូវបានដាក់អនុវត្តក្នុងសាលារៀនចំនួន៩ ក្នុងខេត្តចំនួន៦ ដែលមានសិស្សានុសិស្ស៣២០០នាក់ចូលប្រើប្រាស់កម្មវិធីនេះ៕





