សៀមរាប៖ សិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំ និងវិទ្យាល័យ១០មករា កាលពីថ្ងៃទី១៧ មករា បានចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងគោលបំណងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរ។
អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា អាជ្ញាធរអប្សរាចង់ឱ្យសិស្ស បានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី ?លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរានៅប្រាសាទបន្ទាយក្តី បានអប់រំ បណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌ និងចូលរួមថែរក្សាទាំងអស់គ្នា។
លោក ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ បានឱ្យដឹងថា កំណាយស្រាវជ្រាវ បង្ហាញឱ្យសាធារណជន និងអ្នកស្រាវជ្រាវបរទេសបានយល់ពី អារ្យធម៌ខ្មែរ និងសង្គមខ្មែរ។ ការងារស្រាវជ្រាវបុរាណវិទ្យាតែងមានការផ្សព្វផ្សាយ អំពីលទ្ធផលកំណាយ ហើយការផ្សព្វផ្សាយនេះមិនមែនសម្រាប់តែអ្នកសិក្សាបុរាណវិទ្យា ទើបអាចអានបានប៉ុណ្ណោះទេ ប៉ុន្តែក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទ្យាដល់យុវជននៅតាមមហាវិទ្យាល័យបុរាណបុរាណវិទ្យា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្តុះបណ្តាលសិស្ស និងប្រជាជននៅក្នុងតំបន់នោះផ្ទាល់ដើម្បីឱ្យបានស្វែងយល់ និងចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតានិងប្រវត្តិសាស្ត្រទាំងអស់គ្នាផងដែរ។
យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ បានឱ្យដឹងថាពេលដែលបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង។ ពេលនេះ នាងបានទទួលចំណេះដឹងពីប្រវត្តិសាស្រ្ត ប្រវត្តិប្រាសាទ ព្រមទាំងបានឃើញក្រុមអ្នកជំនាញកំពុងធ្វើកំណាយស្រាវជ្រាវ ស្វែងរកទិន្នន័យប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុនទៀតផង៕