
កណ្តាល៖យ៉ាងហោចណាស់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលប្រមាណជាង៨០គ្រួសារ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង និងត្រូវបង្ខំចិត្តរុះរើសចេញពីលំនៅឋាន ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមដោះស្រាយ។ហេតុការណ៍នេះ ធ្វើឡើងក្រោយពីភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកន្លងទៅ។
យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល រងការប៉ះពាល់ចំនួនពីរសងកង្កាត់ គឺសង្កាត់ព្រែកឫស្សី និង សង្កាត់រកាខ្ពស់ ដែលធ្វើអោយគ្រួសារប្រមាណ ជាង៨០គ្រួសាររងការខូចខាតផ្ទះសំបែងមួយចំនួន និង ធ្វើអោយបាក់ស្ពានឈើមួយកន្លែងស្ថិតក្នុងភូមិបត់តាជី ក្រុងតាខ្មៅ។
រដ្ឋបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការបាក់រលំផ្ទះ ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមួយទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងចាត់វិធានការកាយប្រឡាយរំដោះទឹកចេញ ដើម្បីបញ្ជៀសការជនលិចព្រលានយន្តហោះតេជោក្រុងតាខ្មៅ ពិសេសភូមិសាស្ត្រក្រុងតាខ្មៅទាំងមូលផងដែរ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានវាយប្រហារដល់ស្រុក និង ក្រុងច្បារមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ បណ្តាលឱ្យអាងស្តុកទឹកមួយចំនួនមានទឹកកើនឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន បង្ខំចិត្តដល់មន្ទីរជំនាញបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រះធ្វើឲ្យបាក់ទំនប់ជាយថាហេតុ។កាលនេះ នាំឱ្យខេត្តកណ្តាល និង រាជធានីភ្នំពេញ រងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ៕




