
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧មករានេះ បាននាំយកអំណោយរបស់សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោត ចំនួន ២,២២៥គ្រួសារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីមួយកេសតូច និងប្រេងឆាមួយដប។
គួរបញ្ជាក់ថា គ្រោះធម្មជាតិនេះបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះ មាន២៥ភូមិ ស្មើនឹង១០សង្កាត់នៅខណ្ឌដង្កោ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ មករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ មករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចផ្ទះពួកគេយ៉ាងឆាប់រហ័ស៕


