
អាម៉េរិក៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានគូសបញ្ជាក់ថាអ៊ុយក្រែននឹងទទួលបាន "ឧបករណ៍សង្គ្រាមធុនធ្ងន់" បន្ថែមទៀតពីប្រទេសលោកខាងលិច នៅក្នុង "ពេលខាងមុខនេះ" ។ ចក្រភពអង់គ្លេសបានសន្យាផ្តល់រថក្រោះដល់ប្រទេសនេះរួចហើយ ហើយអាល្លឺម៉ង់កំពុងស្ថិតក្រោមសម្ពាធក្នុងការធ្វើតាមសម្ព័ន្ធមិត្ត។ ក្រុមទំនាក់ទំនងដែលដឹកនាំដោយអាម៉េរិកសម្រាប់ការផ្តល់អាវុធដល់អ៊ុយក្រែននឹងជួបប្រជុំនៅថ្ងៃសុក្រ។
លោក Stoltenberg បានប្រាប់កាសែត Handelsblatt របស់ប្រទេសអាឡឺម៉ង់កាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបាត់បង់ទីប្រជុំជន Donbass នៃ Soledar ដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ីថា "យើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាម" ។ ដូច្នេះវាសំខាន់ណាស់ដែលយើងត្រូវតែផ្តល់សព្វាវុធបន្ថែមដល់អ៊ុយក្រែនក្នុងការច្បាំងជាមួយរុស្សី។
កញ្ចប់សព្វាវុធបន្ថែមទៀតទំនងជានឹងត្រូវបានប្រកាសបន្ទាប់ពីក្រុមទំនាក់ទំនងការពារដែលដឹកនាំដោយសហរដ្ឋអាម៉េរិកជួបប្រជុំគ្នានៅថ្ងៃសុក្រនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។ ក្រុមនៃបណ្តាប្រទេសជិត ៥០ នេះបានជួបប្រជុំគ្នាចំនួន ៧ ដងរួចមកហើយចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែកុម្ភៈកន្លងទៅ ដោយកិច្ចប្រជុំនីមួយៗបានបន្តដោយការសន្យាថ្មីៗនៃជំនួយយោធាពីអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
កិច្ចប្រជុំលើកដំបូងមួយក្នុងខែឧសភា ត្រូវបានបន្តដោយការបញ្ជូនមីស៊ីលប្រឆាំងនាវាពីប្រទេសដាណឺម៉ាក ឧទ្ធម្ភាគចក្រពីសាធារណរដ្ឋឆេក និងប្រព័ន្ធកាំភ្លើងធំពីប្រទេសអ៊ីតាលី ក្រិក ន័រវែស និងប៉ូឡូញ។ កិច្ចប្រជុំចុងក្រោយរបស់ក្រុមនេះក្នុងខែវិច្ឆិកា បានកើតឡើងនៅពេលដែលសហរដ្ឋអាម៉េរិកបានប្រកាសកញ្ចប់ជំនួយចំនួន ៤០០ លានដុល្លារ រួមទាំងមីស៊ីលពីដីទៅអាកាសផងដែរ។
ទោះបីជាលោក Stoltenberg ទទូចថាគាត់មិនចង់បាន "សង្រ្គាមពេញលេញរវាងណាតូ និងរុស្ស៊ី"ក៏ដោយ ទីក្រុងមូស្គូបានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការបន្តផ្តល់សព្វាវុធរបស់ខ្លួននឹងអូសបន្លាយពេលជម្លោះនៅអ៊ុយក្រែន៕