.jpg?1673834869)
ភ្នំពេញ៖ កម្រិតទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ដែលបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នង នៅក្នុងខណ្ឌដង្កោត្រូវបានលិច និងធ្វើឱ្យពួកគេត្រូវឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។
ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ មករា បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ។
លោក ឃួង ស្រេង បានណែនាំអោយមន្ត្រីជំនាញយកចិត្តទុកដាក់ និងតាមដានអោយបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្ថែមកំលាំងរួមជាមួយបាវ និងខ្សាច់ សម្រុកទប់អោយបានកុំអោយមានទឹកហូរចេញ។ បើគ្មានការទប់ទេនោះទឹកនិងហូរផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
.jpg?1673834889)
បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ មករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ មករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចផ្ទះពួកគេយ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានអោយដឹងថា ស្ថានភាពជំនន់នៅកំពង់ស្ពឺបានស្រកហើយ ចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡើយ។
គួរបញ្ជាក់ថា គ្រោះធម្មជាតិនេះបានធ្វើអោយផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះ មាន២៥ភូមិ ស្មើនឹង១០សង្កាត់នៅខណ្ឌដង្កោ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន៕
.jpg?1673834902)
