មណ្ឌលគិរី៖ ក្រុមការងារគម្រោងរេដបូកកែវសីមា កាលពីពេលថ្មីៗកន្លងទៅនេះ បានសហការជាមួយសមាគមអភិវឌ្ឍជនជាតិដើមភាគតិចមណ្ឌលគិរី (MIPAD) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនជនជាតិដើមភាគតិចព្នងចំនួន២០នាក់មកពីភូមិក្នុងនិងនៅជុំវិញដែនជម្រកសត្វព្រៃកែវសីមា រយៈពេល៤ខែ។
មុខជំនាញសំខាន់ៗដែលបានដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនោះ រួមមាន ជំនាញតុបតែងមុខនិងកាត់សក់នារី(Salon) ជំនាញជួសជុលម៉ូតូ ជំនាញជួសជុលទូរស័ព្ទ ជំនាញកាត់សក់បុរស និងវិធីសាស្ត្រក្នុងការបង្កើតមុខរបរអាជីវកម្មខ្នាតតូច។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ និងបានរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពអ្នកចូលរួមឱ្យមានជំនាញច្បាស់លាស់ និងប្រើប្រាស់នូវជំនាញដែលទទួលបានដើម្បីប្រកបរបរចិញ្ចឹមជីវិតតាមរយៈការបង្កើតអាជីវកម្មខ្នាតតូចនៅក្នុងភូមិឃុំដែលពួកគេកំពុងតែរស់នៅ។ នេះគឺជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនរបស់គម្រោងរេដបូកកែវសីមា ដែលបាននិងកំពុងអនុវត្តដោយក្រសួងបរិស្ថានសហការជាមួយអង្គការ WCS Cambodia ក្នុងគោលបំណងការពារនិងអភិរក្សធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យនៅឋិតថេរយូរអង្វែង។
កញ្ញា ក្រើវ ថើង សិក្ខាកាមផ្នែកតុបតែងមុខបានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាត្រេកអរណាស់ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលនេះ ពីព្រោះនេះជាជំនាញដែលកញ្ញាចង់រៀនជាយូរមកហើយ ប៉ុន្តែដោយសារតែបញ្ហាជីវភាពទើបកញ្ញាមិនមានលទ្ធភាពរៀន។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឱ្យកញ្ញាសម្រេចបំណងប្រាថ្នារបស់ខ្លួន ហើយកញ្ញាបានប្តេជ្ញាថាកញ្ញានឹងយកថវិកា ២០០ដុល្លារ ដែលគម្រោងបានឧបត្ថម្ភដល់សិក្ខាកាមម្នាក់ៗ ទៅប្រកបរបរតាមជំនាញដែលកញ្ញាបានរៀន៕