Cctime 6monthsfree desktop
Cc times  web banner kh (2)

អ៊ុយក្រែនបញ្ជូនមន្ត្រីមកសិក្សាជំនាញបោសសំអាតគ្រាប់មីន ពីកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣មករានេះ។

ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្តីប្រកាសព័ត៌មានរបស់ CMAC បានបញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងបោសសម្អាតទាមទារ ឱ្យមានការតស៊ូ និងការអត់ធ្មត់ ដោយត្រូវការពេលវេលាយូរ ដើម្បីសុវត្ថិភាព និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។

ប្រទេសកម្ពុជា ឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ដោយសារតែបទពិសោធន៍ និងការឈឺចាប់នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនដែរ។

សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ច តាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង