
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃនេះបានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដី ពី "យុទ្ធសាស្ត្រនយោបាយព័ត៌មាន" ក្រោមអធិបតីភាពប្រកាសបើកកម្មវិធីដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួមជាអ្នកនាំពាក្យមកពីគ្រប់ក្រសួង-ស្ថាប័ន អភិបាលរងខេត្តទទួលបន្ទុកកិច្ចនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត សរុបប្រមាណជាង១០០រូប។
កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី"យុទ្ធសាស្ត្រនយោបាយព័ត៌មាន"ដែលប្រព្រឹត្តទៅរយៈពេលពេញ ១ ថ្ងៃនេះ មានគោលបំណងស្នូលក្នុងកិច្ចពង្រឹងយន្តការនិងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់នូវសមិទ្ធផលដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្ដល់សេវាសាធារណៈឲ្យទៅគៀកផ្ទាល់ជូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ។

