ភ្នំពេញ៖ ក្រុមនិស្សិត៤ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ផ្សេងគ្នា បានចូលរួមប្រកួតប្រជែងក្នុងការរៀបចំគម្រោងផែនការ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ នៅស្រុកបន្ទាយស្រី» ដែលរៀបចំដោយក្រសួងទេសចរណ៍។ ជាលទ្ធផល មាននិស្សិត៣ក្រុមប៉ុណ្ណោះ ត្រូវបានជ្រើសរើសដោយគណៈកម្មការអន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១០ មករា។
ឯកឧត្ដម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឱ្យដឹងថា កម្មវិធីប្រកាសជ័យលាភីកម្មវិធីនេះ ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃលើផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី ដែលរៀបចំឡើងដោយក្រុមនិស្សិតទាំង៤ក្រុម មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានសន្តប៉ូល បន្ទាប់ពីក្រុមនិស្សិតទាំងនោះបានទទួលការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍ និងចុះកម្មសិក្សាដោយផ្ទាល់ទៅកាន់សហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្ដម ណេប សាមុត បានបន្តថា កម្មវិធីប្រកួតប្រជែងខាងលើត្រូវបានចូលរួមដាក់ពិន្ទុនិងវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពមកពីតំណាងក្រសួងទេសចរណ៍ វិទ្យាស្ថានជាតិទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) និងបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី។ ជាលទ្ធផល គណៈកម្មការបានជ្រើសរើសជ័យលាភី៣ក្រុម ដែលក្នុងនោះជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យជាតិបាត់ដំបង ជ័យលាភីលេខ២ បានទៅលើក្រុមនិស្សិតដែលមកពីវិទ្យាស្ថានសន្តប៉ូល និងជ័យលាភីលេខ៣ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើតាមឯកឧត្ដម ណេប សាមុត កម្មវិធីប្រកួតប្រជែងនេះក៏បានចូលរួមចំណែកទ្រទ្រង់ដល់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមរយៈការចូលរួមបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពទាំង៦ក្នុងខេត្តសៀមរាប ដែលក្នុងនោះមានតំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ។ កម្មវិធីប្រកួតប្រជែងការរៀបចំ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ» នឹងក្លាយជាវេទិកាអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់សាធារណជន ជាពិសេសនិស្សិតដែលចាប់យកជំនាញទេសចរណ៍ក្នុងការសិក្សាស្វែងយល់ ដោយផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍បានចុះសិក្សាស្វែងយល់អំពីសក្តានុពលវិស័យទេសចរណ៍ បញ្ហាប្រឈមនានា និងទទួលបានបទពិសោធន៍ជាក់ស្តែងអំពីយន្តការគ្រប់គ្រងនៃដំណើរការរបស់គោលដៅទេសចរណ៍នីមួយៗ ស្របតាមយុទ្ធនាការ «ទស្សនា ស្រុកយើង» ស្របតាមពាក្យស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ៕