
ភ្នំពេញ៖ សម្ដេច ស ខេង ស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវតែធ្វើការដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ ជនរងគ្រោះឲ្យបានច្បាស់លាស់។ ការស្នើនេះ ធ្វើឡើងក្នុងពិធី បើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃទី១០មករានេះ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះ រួមមានបទល្មើសអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយមិនត្រូវទំលាក់ដៃនោះឡើយ។
សម្ដេច ស ខេង បានបន្ថែមថា ក្នុងករណីអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ចមានការបិទបាំងបទល្មើសនៅពេលទទួលបានបណ្តឹង ហើយមិនមានដោះស្រាយនោះ ក៏ក្រសួងនៅតែដឹងតាមរយៈការធ្វើគណនេយ្យភាព ត្រួតពិនិត្យ និងកោះហៅចៅហ្វាយ ខេត្តទាំងអស់មករាយការណ៍ផងដែរ៕
