Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សវិទ្យាស្ថានខុងជឺកម្ពុជាទទួលជ័យលាភីវគ្គផ្តាច់ព្រ័ត្រកម្មវិធីស្ពានភាសាចិនប្រធានបទ«ក្រោមមេឃ គ្រួសារតែមួយ»

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ សិស្សវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា បានទទួលជ័យលាភីក្នុងការប្រឡងបផ្ដាច់ព្រ័ត្រ នៃកម្មវិធីស្ពានភាសាចិន លើកទី១៩ សម្រាប់ថ្នាក់ឧត្តមសិក្សា ក្រោមប្រធានបទ« ក្រោមមេឃ គ្រួសារតែមួយ» ដែលប្រធានបទនេះស្របទៅនឹងស្ថានភាពបច្ចុប្បន្ន សម័យកាលកូវីដ១៩។ នេះបើតាមរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃ២៤ មិថុនា ឆ្នាំ២០២០។

សិស្សានុសិស្សនៃវិទ្យាស្ថានខុងជឺ ទាំង១៣នាក់ បានប្រលងបញ្ចប់ថ្នាក់ឧត្តមសិក្សាភាសាចិន តាមកម្មវិធីស្ពានភាសាចិន យ៉ាងស្វិតស្វាញតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ« ក្រោមមេឃ គ្រួសារតែមួយ» ដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ និងយុត្តិធម៌របស់គណៈមេប្រយោគ។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា «ស្ពានភាសាចិន» គឺជាកម្មវិធីមួយ ដែលអាចឱ្យអ្នកសិក្សាភាសាចិនបានស្វែងយល់ពីភាសា និងវប្បធម៌ចិន ហើយក៏អាចជំរុញលើកទឹកចិត្តដល់យុវជន យុវតីកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀតឱ្យសិក្សាភាសាចិនផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖«ជោគជ័យរបស់ក្មួយៗនៅថ្ងៃនេះ មិនមែនតែជោគជ័យសម្រាប់បុគ្គលប៉ុណ្ណោះទេ គឺជាជោគជ័យតំណាងឱ្យគ្រួសារ គ្រឹះស្ថានសិក្សា និងជាពិសេសគឺតំណាងឱ្យប្រទេសយើងផ្ទាល់ផងដែរ»។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាស៍ថា៖«យើងសប្បាយចិត្តនៅពេលដែលបានឃើញដំណើរវិវឌ្ឍន៍នៃជោគវាសនារួមគ្នារវាងកម្ពុជា-ចិន បាននិងកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតរវាងប្រទេសកម្ពុជា និងចិន ម្យ៉ាងវិញទៀត កំណើននៃការសិក្សាភាសាចិន ក៏កើនឡើងជាបន្តបន្ទាប់ដែរ រីឯកំណើននិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ក៏កើនឡើងឥតឈប់ឈរ ដែលមានចំនួនសរុបលើសពី៣០០០នាក់»។

សូមបញ្ជាក់ថា ប្រធានបទនៃការប្រកួតស្ពានភាសាចិន ឆ្នាំនេះ គឺក្រោមមេឃ គ្រួសារតែមួយ ដែលសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្នុងការប្រឈមមុខនឹងកូវីដ១៩ ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា-ចិន បានរួមសុខ រួមទុក្ខជាមួយគ្នា បានធ្វើជាគំរូដ៏ល្អសម្រាប់សង្គមអន្តរជាតិ ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីអត្ថន័យស្នូលនៃក្រោមមេឃ គ្រួសារតែមួយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង