
កំពង់ស្ពឺ៖ កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះកាលពីថ្ងៃទី៦មករា កន្លងទៅ ក្រោយពេលក្រុមការងារបានទទួលព័ត៌មានថាសត្វខ្ទីងមួយក្បាលបានជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ។
នៅពេលនេះ កូនសត្វខ្ទីងនេះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ ប្រសិនបើមិនមានការជួយ សង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីងដែលបែកហ្វូងពីមេរបស់វានេះអាចនឹងស្លាប់បាត់បង់ជីវិត។ កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់និងក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍បានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។
ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើរេយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកន់ទីតាំងដែលបានរាយការណ៍ដោយធ្វើដំណើរទាំងតាមរថយន្តផង និងតាមគោយន្តកន្ត្រៃផង និងដើរដោយថ្មើរជើងផង ទម្រាំនឹងដល់ទីតាំង ហើយក្រុមការងារបានធ្វើការសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។

