Yearendyearend1140x150

ចិនជំរុញការអភិវឌ្ឍប្រេង និងឧស្ម័នបន្ថែមជាមួយហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ប្រទេសចិន និងហ្វីលីពីនបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់នៅលើសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះដោយសន្តិវិធី នឹងទាំងជំរុញលើការអភិវឌ្ឍប្រេង និងឧស្ម័នបន្ថែមជាមួយហ្វីលីពីន។ប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរផ្សេងៗក្នុងតំបន់ជម្លោះ។

យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា ប្រទេសទាំងពីរបានប្តេជ្ញាដោះស្រាយការខ្វែងគំនិតគ្នាលើដែនសមុទ្រតាមរយៈការពិគ្រោះយោបល់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ទៅកាន់ទីក្រុងប៉េកាំង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើសមុទ្រចិនខាងត្បូងដែលមានជម្លោះក្តៅ។

លោក Marcos Jr និងសមភាគីចិនលោក Xi Jinping ទាំងពីរបានអំពាវនាវឱ្យមាន "ការពិគ្រោះយោបល់ជាមិត្ត ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ" នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ។

Marcos Jr បានទទូចថាគាត់នឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីននៅក្នុងតំបន់នោះទេ ហើយបាននិយាយមុនពេលមកដល់ទីក្រុងប៉េកាំងថាគាត់សង្ឃឹមថានឹងដោះស្រាយបញ្ហាសន្តិសុខនយោបាយនៃលក្ខណៈទ្វេភាគី និងក្នុងតំបន់ជាមួយចិនតាមសន្តិវិធីជៀសវាងការផ្ទុះយោធាជាមួយគ្នា។

លោក Xi បានប្រាប់លោក Marcos Jr ថា ប្រទេសចិនមានបំណង "រួមចំណែកថាមពលវិជ្ជមានបន្ថែមទៀតដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់" និង "ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលគ្មានជម្លោះ"ជាមួយហ្វីលីពីន។

បន្ថែមពីនេះភាគីទាំងពីរក៏បានពិភាក្សាអំពីការងាររួមគ្នាលើវិស័យនានា រួមទាំងវិស័យកសិកម្ម និងឱសថផងដែរហើយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជលផល ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ សម្រាប់លោក Marcos Jr ទំនាក់ទំនងរវាងចិន នឹងហ្វីលីពីនពិតជាមានសារះសំខាន់ជាទីបំផុត។

គួរបញ្ជាក់ថាចិន និងហ្វីលីពីន មានជម្លោះជុំវិញសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើតំបន់ស្ទើរតែទាំងមូល បើទោះបីជាតុលាការអន្តរជាតិសម្រេចថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង