Yearendyearend1140x150

កម្ពុជាស្នើអាល្លឺម៉ង់បង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យនគរបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ប្រទេសកម្ពុជា បានស្នើប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់លើវិស័យនគរបាល។ ការស្នើសុំនេះ ធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ មករា។

ប្រទេសកម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ ដូច្នេះ សម្ដេច ស ខេង បានស្នើឱ្យប្រទេសអាល្លឺម៉ង់បន្តគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។ ជាពិសេស ការពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក Stefan Messerer ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រីនគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា។

លោក Stefan Messerer បានបន្ដថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សាលើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ដោយលោកបានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈខ្ពស់ និងមានសុជីវធម៌ល្អ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង