
ក្រុងប៉ារីស៖ ប្រទេសអ៊ីរ៉ង់បានព្រមានបារាំង ពីផលវិបាកបន្ទាប់ពីទស្សនាវដ្ដី Charlie Hebdo បានបោះពុម្ពរូបថ្លុកពណ៌នាអំពីមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលក្រុងតេអេរ៉ង់ចាត់ទុកថាជាការប្រមាថ។ ទស្សនាវដ្ដី Charlie Hebdo បានបោះពុម្ពរូបថ្លុករាប់សិបក្បាលដែលសើចចំអកដល់ឥស្សរជនសាសនា និងនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋឥស្លាម។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសរសេរនៅលើ Twitter ថា "ទង្វើប្រមាថ និងអសុរោះនៃការបោះពុម្ពផ្សាយរបស់បារាំង ក្នុងការបោះពុម្ពរូបថ្លុកប្រឆាំងនឹងអាជ្ញាធរសាសនា និងនយោបាយ នឹងទទួលបានការឆ្លើយតបភ្លាមៗប្រសិនបើទស្សនាវដ្ដី Charlie Hebdo នេះបានចេញមុខបកស្រាយចំពោះចេតនារបស់ខ្លួនបានធ្វើ"។

លោកបានបន្ថែមថា "យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបារាំងដើរហួសពីព្រំដែនរបស់ខ្លួនទេ។ ពួកគេពិតជាបានជ្រើសរើសផ្លូវខុស" លោកបានបន្ថែមដោយមិនបញ្ចេញនូវផលវិបាកនោះទេ។ ក្រោយមកនៅថ្ងៃពុធ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Roche ជួបជាមួយជុំវិញការប្រមាថកំពូលមេដឹកនាំរបស់ខ្លួន ។
អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក Nasser Kanani បាននិយាយថា "ប្រទេសបារាំងមិនមានសិទ្ធិក្នុងការប្រមាថដល់ភាពបរិសុទ្ធនៃបណ្តាប្រទេស និងប្រជាជាតិមូស្លីមផ្សេងនោះទេ"។ លោកបានបន្ថែមថា "អ៊ីរ៉ង់កំពុងរង់ចាំការពន្យល់របស់រដ្ឋាភិបាលបារាំង និងសកម្មភាពសំណងក្នុងការថ្កោលទោសចំពោះអាកប្បកិរិយាមិនអាចទទួលយកបាននៃការបោះពុម្ពផ្សាយរបស់បារាំង"៕
