ក្រុងណៃពីដោ៖ ទាហាន និងសព្វាវុធរបស់មីយ៉ាន់ម៉ាបានដង្ហែកាត់រដ្ឋធានីណៃពីដោ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះនៅថ្ងៃពុធនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានកាត់ទោសមេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី អស់រយៈពេល ៣៣ ឆ្នាំបន្ថែមទៀត។
របបយោធាដែលទើបបញ្ចប់ការកាត់ក្តីជាបន្តបន្ទាប់របស់លោកស្រី ស៊ូជី នាពេលថ្មីៗនេះ កំពុងរៀបចំសម្រាប់ការបោះឆ្នោតថ្មីៗនៅចុងឆ្នាំនេះ ដោយអាម៉េរិកបានចាត់ទុកថាការរៀបចំបោះឆ្នោតជារឿងដែលមីយ៉ាន់ម៉ាកំពុងសម្តែងទៅកាន់ភ្នែកមហាជន ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា រថក្រោះ មីស៊ីល និងរថពាសដែក បានឆ្លងកាត់ ពេលព្រលឹម ទៅកាន់ទីលានព្យុហយាត្រាក្នុងរដ្ឋធានី ដោយចាប់ផ្តើមព្យុហយាត្រាយោធារំលឹកខួបលើកទី ៧៥ ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ មន្ត្រីរាជការ និងសិស្សវិទ្យាល័យបានដើរតាមកងទ័ព អមដោយក្រុមតន្រ្តីយោធា។ ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing ត្រូវបានស្វាគមន៍ដោយការបាញ់កាំជ្រួច ២១ ដើម នៅពេលលោកមកដល់ទីលានដង្ហែ។
យោងតាមកាសែតរដ្ឋ Global New Light of Myanmar បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើ "ការស្វាគមន៍ដោយស្មោះ" និងបានទន្ទឹងរង់ចាំ "ការអភិវឌ្ឍន៍បន្ថែមទៀត" នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធរបស់របបយោធាមីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ាបានប្រកាសឯករាជ្យពីការគ្រប់គ្រងអាណានិគមអង់គ្លេសនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ១៩៤៨ បន្ទាប់ពីមានការប្រយុទ្ធដ៏យូរមួយដែលត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ Aung San ដែលជាឪពុករបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោកស្រី ស៊ូជី៕