Img 1426
Swift cc time

យុវតី ហេង វិជ្ជារ៉ា៖ ចង់ធ្វើជាអ្នកផលិតរ៉ូបត ក្រោយបញ្ចប់ការសិក្សាជំនាញបញ្ញាសិប្បនិម្មិត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី ហេង វិជ្ជារ៉ា ចង់ធ្វើជាអ្នកផលិតរ៉ូបត ក្រោយបញ្ចប់ការសិក្សាជំនាញ វិទ្យាសាស្ដ្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត។ បច្ចុប្បន្ននេះ វិជ្ជារ៉ា ជានិស្សិតឆ្នាំទី១ ដែលកំពុងសិក្សាជំនាញវិទ្យាសាស្ដ្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត នៅសាកលវិទ្យាល័យ ខេមតិច។

ជាការពិតការសិក្សាជំនាញដែលទាក់ទងនិង STEM គឺមានភាពលំបាកសម្រាប់មនុស្សស្រី ប៉ុន្ដែសម្រាប់យុវតី ហេង រជ្ជនី បែរជានិយាយថា ការសិក្សាជំនាញនេះគឺមិនលំបាកនោះឡើយ អោយតែមានចិត្តស្រឡាញ់ និងចង់សិក្សា ជំនាញនេះ។

យុវតី ហេង វិជ្ជារ៉ា បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ ថា ខ្លួនស្រឡាញតិចណូឡូជី មានចំណាប់អារម្មណ៍ទៅលើវា និងចង់សិក្សាពីតិចណូឡូជី ឱ្យកាន់តែស៊ីជម្រៅ។ ជាពិសេសអំឡុងពេលសិក្សាជំនាញនេះ ថែមទាំងមានឱកាសបានឃើញពីស្នាដៃរបស់ខ្លួនឯងទៀតផង ទើបសម្រេចចិត្តសិក្សាជំនាញនេះ។

ក្នុងនាមយុវតីដែលកំពុងសិក្សាជំនាញ វិទ្យាសាស្ដ្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត រូបនេះបានបន្ដថា ការសិក្សាជំនាញនេះ ភាពលំបាកនៅក្នុងការសិក្សាជំនាញនេះ គឺគ្មាននោះទេ។ ការលំបាកតិចតួច មានតែនៅក្នុងការធ្វើគម្រោងផ្សេងៗ ដូចជាការលើកវត្ថុធ្ងន់ៗ ប៉ុន្ដែវាមិនមែនជាបញ្ហានោះទេ ព្រោះមានការធ្វើការជាក្រុម ដែលអាចជួយគ្នាលើបញ្ហានេះបាន។ បន្ថែមពីនេះទៀត គឺការដែរក្រុមគ្រួសារ មានការយល់ឃើញថាជំនាញនេះ គឺសម្រាប់តែមនុស្សប្រុសប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ កញ្ញា វិជ្ជារ៉ា បានសូមឱ្យយុវតី យុវនារី ដែលមានបំណងសិក្សាជំនាញដែលទាក់ទងនិង STEM សុំកុំគិតថាវាពិបាកឡើយ ព្រោះគ្មានអ្វីដែលយើងស្រឡាញ់ ហើយចង់ធ្វើ ធ្វើមិនបាននោះទេ អោយតែខិតខំសិក្សា នោះយើងនិងអាចធ្វើវាបានហើយ។

កញ្ញា ហេង វិជ្ជារ៉ា បានឱ្យដឹងទៀតថា នាថ្ងៃអនាគត កញ្ញានឹងធ្វើការនៅក្នុងការបង្កើតរ៉ូបត AI ឬក៏ជាអ្នកវិភាគទិន្នន័យ ព្រោះតែការស្រឡាញ់ និងមានបំណងស្វែងយល់ពីវិទ្យាសាស្ដ្រទិន្នន័យ ឱ្យកាន់តែប្រសើរ ជាងមុន៕


Khcct banner

អត្ថបទទាក់ទង