Cctime 6monthsfree desktop
Cc times  web banner kh (2)

ឯកឧត្តម អ៊ាង សុផល្លែត៖ សិស្សានុសិស្សនឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន

ត្បូងឃ្មុំ៖ វិស័យអប់រំ និងបរិស្ថានត្រូវផ្សារភ្ជាប់គ្នា លើសពីនេះសិស្សានុសិស្ស អាចសិក្សារៀនសូត្របាននៅក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ។ នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២ - ២០២៣ នៅវិទ្យាល័យពាមជាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ មករា ម្សិលមិញ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សិស្សានុសិស្ស នឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក ចេះគ្រប់គ្រងសំណល់ឱ្យបានល្អ ចូលរួមអនាម័យបរិស្ថាននៅផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ និងអាចជួយផ្សព្វផ្សាយបន្តដល់អ្នកជុំវិញខ្លួន អំពីអនាម័យបរិស្ថាន ដែលនាំឲ្យ មានសុខភាពល្អ និងមូលដ្ឋានស្អាត និងបៃតង។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអប់រំគឺគន្លឺះនៃការអភិវឌ្ឍ និងជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំងបួន របស់រាជរដ្ឋាភិបាល (មនុស្ស ទឹក ផ្លូវ ភ្លើង) គ្មានប្រទេសណា អាចអភិវឌ្ឍជឿនលឿនរុងរឿង បានដោយគ្មានធនធានមនុស្ស ប្រកបដោយសមត្ថភាព និងចំណេះដឹងទេ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យមានការខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម គោរពវិន័យ ច្បាប់ មានសីលធម៌ គុណធម៌ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមដូសកំណត់ដោយរាជរដ្ឋាភិបាល ចូលរួមសកម្មភាពសង្គម ធ្វើអំពើល្អ បន្តរក្សាការពារកេរដំណែល ដែលដូនតា និងអ្នកជំនាន់មុនបានបន្សល់ទុកឲ្យ និងការចូលរួមធ្វើឲ្យសាលារៀនស្អាត ភូមិឋានស្អាត សុខភាពល្អ។

គួរបញ្ជាក់ថា ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យពាមជាំង បានប្រព្រឹត្តទៅជាមួយការរៀបចំយុទ្ធនាការអនាម័យបរិស្ថាន ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង