
ព្រះសីហនុ៖ សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ មករា នេះ។
ថ្លែងក្នុងពិធីបើបវរសនកាល ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដៃម្ខាងកម្ពុជាការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ ហើយការស្ដារប្រទេសនេះ ដំបូងបង្អស់ គឺការបើកដំណើរការសាលារៀនលើគ្រប់កម្រិត។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ក្នុងសម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេស ការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ៕

