បាត់ដំបង៖ ក្រសួងអប់រំ មានទិសដៅធ្វើកំណែទម្រង់យុវជនឱ្យក្លាយជាយុវជន Digital នៅសតវត្សទី២១ ដូច្នេះសិស្សានុសិស្ស និងយុវជនត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា។ នេះបើតាមប្រសាសន៍ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ នៅឯវិទ្យាល័យ នេតយ៉ង់ ក្រុងបាត់ដំបង នៅថ្ងៃទី០២ មករា នេះ។
ថ្លែងក្នុងពិធីបើកបវេសនកាលថ្មី ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ មានទិសដៅ ក៏ដូចជាទស្សនៈវិស័យនៅក្នុងវិស័យអប់រំនៅកម្ពុជា ធ្វើកំណែទម្រង់យុវជនឱ្យក្លាយជាយុវជន Digital នៅសតវត្សទី២១ ដូចនេះសិស្សានុសិស្ស និងយុវជនត្រូវខិតខំបន្តការយកចិត្តទុកដាក់ក្នុងការសិក្សាទាំងថ្នាក់មូលដ្ឋាន ទាំងជំនាញ ភាសា និងកុំព្យូទ័រ ដើម្បីដើរឱ្យទាន់សកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើបបែបប្រព័ន្ធ Digital ។
ឯកឧត្តម សុខ លូ បានបន្តទៀតថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយឡែកវិស័យអប់រំនៅខេត្តបាត់ដំបងកំពុងតែដើរលើផ្លូវមួយប្រកបដោយមោទកភាព៕