ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានប្រារព្ធកម្មវិធីទស្សនកិច្ចសិក្សានិងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យខេមតិចនិងសាលារៀនជំនាន់ថ្មី រួមមានវិទ្យាល័យព្រះស៊ីសុវត្ថិ-សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលាប-សាលារៀនជំនាន់ថ្មី វិទ្យាល័យសម្តេច អគ្គមហា ធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ-សាលារៀនជំនាន់ថ្មី ក្នុងគោលបំណងបង្កើតឲ្យមានទំនាក់ទំនងល្អរវាងសាកលវិទ្យាល័យនិងសាលារៀនជំនាន់ថ្មី ការផ្តល់ប្រឹក្សាពីមុខជំនាញនៅឧត្តមសិក្សាជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ កិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយព័ត៌មានពីការសិក្សារផ្សេងៗរួមបញ្ចូលអាហារូបករណ៍ដោយផ្តល់ជូនអាហារូបករណ៍ដល់សិស្សពូកែមកពីវិទ្យាល័យទាំងបីផងដែរ ការចែករំលែកចំណេះដឹងដូចជាមន្ទីរពិសោធន៍ AI សម្រាប់ការអប់រំ មនុស្សយន្ត និងបន្ទប់Maker Space បណ្ណាល័យ កីឡា ការលើកកម្ពស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ពិព័រណ៍និងសិក្ខាសាលាពីការប្រឹក្សានិងអាជីពនាពេលអនាគត ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងបុគ្គលិក។
ចក្ខុវិស័យរបស់លោកបណ្ឌិតឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច គឺប្រែក្លាយជាសាកលវិទ្យាល័យឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
នៅក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនាក៏បានបញ្ជាក់ផងដែរថា សិស្សានុសិស្សគួរជ្រើសរើសមុខជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត មិនគួររៀនសាកលវិទ្យាល័យពីរក្នុងពេលតែមួយព្រោះវាជាផលពិបាកដែលអ្នកសិក្សាមិនអាចគ្រប់គ្រងពេលវេលាសម្រាប់ការសិក្សានិងការយកចិត្តទុកដាក់ផ្តោតលើជំនាញមួយជាក់លាក់ បន្ថែមពីនេះលោកក៏បានបន្ថែមដែរថាសិស្សានុសិស្ស និសិ្សតគួររៀនភាសាអោយបានពីរទៅបីភាសា ពិសេសផ្តោតជាសំខាន់លើភាសាអង់គ្លេស និងកុំព្យូរទ័យផងដែរ។ ឯកឧត្តមមានសេចក្តីរីករាយ និងគាំទ្រក្នុងការធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ការបង្កើតភាពជាដៃគូរវាងសាកលវិទ្យាល័យនិងសាលារៀនជំនាន់ថ្មីខាងផ្នែកបច្ចេកទេស។
ក្នុងកម្មវិធីនេះក៏មានបញ្ចូលទស្សនកិច្ចសិក្សានិងការតាំងពិព័រណ៍ប្រឹក្សាជំនាញដើម្បីលើកកម្ពស់ការយល់ដឹង និងបទពិសោធន៍ដ៏សំខាន់ដល់មាតាបិតា ឬអាណាព្យាបាល សិស្សានុសិស្ស ជាពិសេសប្អូនៗដែលទើបបានប្រឡងបញ្ចប់ថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចូលរៀននៅថ្នាក់ឧត្តមសិក្សាបានមកទស្សនាស្វែងយល់អំពីសម្ភាររូបវ័ន្តសិក្សា និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិច ព្រមទាំងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងសាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិចផ្ទាល់ លើការជ្រើសរើសមុខជំនាញសិក្សាដែលស្របនឹងឧបនិស្ស័យ ទេពកោសល្យ និងតម្រូវការទីផ្សារការងារ។ លើសពីការទស្សនា និងការប្រឹក្សាយោបល់ កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកំសាន្តសប្បាយផ្សេងៗ។