
ភ្នំពេញ៖ យើងគួរតែកំណត់គោលដៅខ្លួនឯងម្នាក់ៗ ក្នុងមួយសប្ដាហ៍គួរជិះស៊ីក្លូ ទៅសាលារៀន ឬកន្លែងការងារ ឱ្យបានម្ដង។ នេះបើតាមប្រសាសន៍ឯកឧត្ដម ឃុត ចាន់ដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំរាជធានីភ្នំពេញ ថ្លែងក្នុងព្រឹត្តិការណ៍ទិវាស៊ីក្លូ កាលពីថ្ងៃទី១៨ ធ្នូ កន្លងទៅនេះ។
ថ្លែងក្នុងព្រឹត្តិការណ៍ទិវាស៊ីក្លូ ឯកឧត្តម ឃុត ចាន់ដារ៉ា សង្ឃឹមថាទៅថ្ងៃមុខយុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ ខិតខំដោះស្រាយបញ្ហាស៊ីក្លូនិ ងបរិស្ថាននេះក៏ដូចជាបញ្ហាផ្សេងៗជាច្រើនទៀត។ បន្ថែមពីនេះលោកក៏ចង់មានការកំណត់នៃបុគ្គលម្នាក់ៗ ផ្ទាល់ខ្លួន ក្នុងការកំណត់គោលដៅនៃការជិះស៊ីក្លូម្ដងក្នុងមួយសប្ដាហ៍។
ទន្ទឹមនឹងនោះផងដែរ លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានមានប្រសាសន៍ថា ក្នុងទសវត្ស៨០ ស៊ីក្លូបានគាំទ្រដល់ការសិក្សារបស់និស្សិតខ្មែរជាច្រើនដែលឡើងមកសិក្សាបន្តនៅភ្នំពេញ ពួកគេបានជ្រើសរើសរបរជាអ្នកធាក់ស៊ីក្លូដើម្បីបានប្រាក់ចំណេញគាំទ្រដល់ការសិក្សារបស់គេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទិវាស៊ីក្លូ ក្រោមប្រធានបទ«ស៊ីក្លូដើម្បីបរិស្ថាន» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ធ្នូ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កន្លងទៅនេះ មានអ្នកចូលរួមរហូត ១៤៩១នាក់ និងមានការការហែក្បួនស៊ីក្លូចំនួន ១០០ស៊ីក្លូ ផងដែរ៕







