ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលគម្រោងនេះគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខា លើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ការចុះហត្ថលេខានេះបញ្ជាក់ថា ផែនការមេរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវការ បទបញ្ញាតិ និងបទដ្ឋានគតិយុត្តិដែលបានតម្រូវ។
ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។
គួរបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណជិត ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា ទៀត។ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តជាតិអង្គរថ្មី មានឈ្មោះថា Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន។
បច្ចុប្បន្នដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន៕