ភ្នំពេញ៖ និស្សិតអាហារូបករណ៍ចំនួន ៤៥រូប នឹងត្រូវបន្ដការសិក្សានៅប្រទេសអូស្ត្រាលី រួមមាន ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាលើមុខជំនាញអប់រំ សេដ្ឋកិច្ច វេជ្ជសាស្ត្រ និងកសិកម្ម។
មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និស្សិតជ័យលាភីអាហារូបករណ៍ចំនួន៤៥រូប បានទទួលអនុសាសន៍សំខាន់ៗពីឯកឧត្តម ផែង សុវិជ្ជានោ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ជំនួបនេះ ធ្វើឡើងដើម្បីផ្ដល់ជាអនុសាសន៍ ចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ទាំងអស់ព្យាយាមសិក្សាឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ហើយក្លាយជាទំពាំងដ៏ល្អ មានសមត្ថភាពគ្រប់គ្រាន់ អាចស្នងឫស្សីពិតប្រាកដបាន និងអាចចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះផងដែរ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រីជូនដល់និស្សិតជ័យលាភីទាំងអស់ និងបានចែករំលែកបទពិសោធន៍ក្នុងនាមជាអតីតនិស្សិតសិក្សានៅប្រទេសអូស្ត្រាលី ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា និងទាំងចំណេះដឹងបន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕