681 ezgif.com resize
Swift cc time

គម្រោងសាងសង់៣ក្នុងខេត្តបាត់ដំបង គ្រោងបញ្ចប់ការសាងសង់ត្រឹមរយៈពេល៦ខែកន្លះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ គម្រោងសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងគម្រោងផ្សាររាត្រីក្រុងបាត់ដំបង គ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នាថ្ងៃទី១៥ ធ្នូ នេះ នឹងគ្រោងបញ្ចប់ការសាងសង់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៥ ធ្នូ នេះ។

ថ្លែងក្នុងពិធីក្រុងពាលី ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា ទី១ តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប) ទី២ តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត ទី៣ តំបន់រំលឹកប្រវត្តិសាស្ត្រ ទី៤ តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥ តំបន់រង់ចាំ។

ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ។

គួរបញ្ជាក់ថា ចំពោះទីតាំងផ្សាររាត្រីថ្មី ដែលរដ្ឋបាលខេត្តគ្រោងនឹងធ្វើការសាងសង់នាពេលខាមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ ហើយកន្លងមកក៏មានជនអនាថា ជនញៀនគ្រឿងញៀន ឬជនវិកលចរិកមួយចំនួនបានមកស្នាក់នៅ បំផ្លិចបំផ្លាញសួនច្បារនេះ បង្កឱ្យរងនូវការខូចខាតសម្បត្តិសាធារណៈមួយចំនួនផងដែរ ហើយចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអមុខមាត់សួនច្បារនេះឱ្យកាន់តែឱ្យកាន់តែស្រស់ស្អាតជាមុន និងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតផងដែរ ៕


Khcct banner

អត្ថបទទាក់ទង