ភ្នំពេញ៖ យុវជន០៣ក្រុម មកពីខេត្តចំនួនបីរួមមានខេត្តកំពង់ស្ពឺ កំពង់ធំ ស្វាយរៀង នៅថ្ងៃទី១៤ធ្នូ បានឈ្នះជ័យលាភីលើគម្រោងឆ្នើមប្រចាំប្រទេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២។ ក្រុមជ័យលាភីទាំង០៣ ទទួលបានពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ ពីការប្រកួតធ្វើឡើងនៅក្នុងការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រ ៥ ធ្នូ ដែលរៀបចំដោយក្រសួងអប់រំ និងអង្គការទស្សនៈពិភពលោក ព្រមទាំងមានការចូលរួមពីអង្គការដៃគូផ្សេងទៀត។
ការប្រកាសជ័យលាភីនេះធ្វើឡើង ក្រោយពីក្រុមយុវជនចំនួន០៦ មកពីប្រាំមួយខេត្តបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២។ ជាលទ្ធផលមានក្រុមចំនួន០៣ បានជាប់ជ័យលាភី ជាគម្រោងឆ្នើមប្រចាំប្រទេសឆ្នាំ២០២២ និង០៣ក្រុមទៀតជាប់ជ័យលាភីលំដាប់រង។
សមាសភាពក្រុមយុវជនឆ្នើមទាំង០៣ក្រុមដែលជាប់ជ័យលាភីគម្រោងឆ្នើមប្រចាំប្រទេសរួមមាន ក្រុមយុវជនមកពីខេត្តកំពង់ស្ពឺ បានលើកយកគម្រោង ការបង្កើតក្លឹបស្វ័យសិក្សានៅក្នុងវិទ្យាល័យ ក្រុមយុវជនមកពីខេត្តកំពង់ធំ បានលើកយកគម្រោងមូនិធិវិទ្យាល័យដើម្បីជួយដល់សិស្សក្រីក្រក្នុងការមានលទ្ធភាពបន្តការសិក្សា និង ក្រុមយុវជនមកពីខេត្តស្វាយរៀង បានលើកយកគម្រោងកសិកម្មបដិវត្តបៃតង។
ចំណែក០៣ក្រុមទៀតជាប់ជ័យលាភីលំដាប់រងរួមមាន ក្រុមយុវជនមកពីខេត្តបាត់ដំបង បានលើកយកគម្រោងការចិញ្ចឹមឃ្មុំ នៅក្នុងសហគមន៍របស់ខ្លួន ក្រុមយុវជនមកពីខេត្តក្រចេះ បានលើកយកគម្រោងទាក់ទងនឹងបន្លែកសិកម្ម និងការដាំដុះដំណាំកសិកម្ម និងក្រុមយុវជនមកពីខេត្តកំពង់ចាម បានលើកយកគម្រោងទាក់ទងនឹងការបង្កើតApp ក្នុងវិស័យSTEM។
សូមជម្រាបថា ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ៦ក្រុម ដោយក្រុមនីមួយៗមានសមាជិកចំនួន៥នាក់ បានឡើងធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួនទាក់ទងនឹងគំនិតផ្តួចផ្តើមការបង្កើតថ្មី ក៏ដូចជាការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីចូលរួមចំណែកជួយដល់សហគមន៍របស់ពួកគេផងដែរ។ បន្ថែមលើនេះ ក្រុមនីមួយៗបានបង្ហាញពីដំណើរការចាប់ផ្តើមគម្រោងរបស់ពួកគេ ការសហការណ៍ការងារក្រុម ការអនុវត្តគម្រោង ការជួយជំរុញគាំទ្រពីសំណាក់សាលារៀន លោកគ្រូអ្នកគ្រូ និងការសហការពីដៃគូជំនួយផងដែរ៕