
ភ្នំពេញ៖ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូង បវរកញ្ញាអង់ហ្គោឡា កញ្ញា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia da silva Antonio) ចាប់អារម្មណ៍ខ្លាំងទៅលើការអភិវឌ្ឍទីក្រុងព្រះសីហនុ ជាពិសេសនោះ បញ្ហាបរិស្ថានព្រោះទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរទៅកាន់សមុទ្រ ។ បវរកញ្ញាអង់ហ្គោឡា រូបនេះ បានមកចូលរួមក្នុងមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រួមជាមួយជាមួយប្រតិភូអន្តរជាតិ២០ប្រទេសទៀត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១៤ ធ្នូ នៅខេត្តព្រះសីហនុ។
ក្នុងដំណើរអញ្ជើញចូលរួមមហាសន្និបាតក្លឹបនៅកម្ពុជានេះ បវរកញ្ញាអង់ហ្គោឡា ក៏ដូចជាប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសកលលោក មកពីបណ្តាប្រទេសដទៃទៀត ត្រូវបានរៀបចំឱ្យមាន ដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជា និងបានទៅទស្សនាព្រៃកោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំជាងគេនៅអាស៊ី។
នេះជាលើកទីមួយហើយដែលបវរកញ្ញាអង់ហ្គោឡា បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយដែលកញ្ញាធ្វើដំណើរមកតំបន់អាស៊ីផងដែរ។ បវរកញ្ញារូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទីក្រុងមួយនេះ ហើយរឿងដែលកញ្ញាជាប់ចិត្តបំផុតនោះ គឺដើមឈើចាំស្នេហ៍ ដែលត្រូវបានថែរក្សាទុកនិងធ្វើផ្លូវវាង ដោយមិនមានការកាប់បំផ្លាញ។ រឿងមួយទៀតអំពីបរិស្ថានដែលកញ្ញា ស្វេលីយ៉ា ពេញចិត្តទៀតនោះ គឺទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរទៅកាន់សមុទ្រ ។
បវរកញ្ញាអង់ហ្គោឡា កញ្ញា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ ក៏បានសន្យាពាំនាំព័ត៌មានអំពីសោភ័ណរមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្ត៕
.jpg?1671070793)
