Cctime 6monthsfree desktop
Cc times  web banner kh (2)

«ឈ្លូសយក្ស»ជាសត្វរងគ្រោះជិតផុតពូជរកឃើញនៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វ «ឈ្លូសយក្ស» ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក ត្រូវបានរកឃើញ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៤ ដែលអ្នកជំនាញបានរកឃើញនៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។

សត្វឈ្លូសយក្ស ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ឈ្លូសយក្ស ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៤ ដែលអ្នកជំនាញបានរកឃើញ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។

ការរកឃើញសត្វឈ្លូសយក្ស នេះ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីវត្តមានសត្វឈ្លូសយក្សនេះ។

សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ)។ នៅកំឡុងទសវត្សន៏៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយ នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាម ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់។

ជាទូទៅ ស្នែងសត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា និង កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម ហើយថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង