ភ្នំពេញ៖ យុវជនឆ្នើមចំនួន ០៦ក្រុម មកពីតាមបណ្តាខេត្តទាំង០៦ នៅថ្ងៃទី១៤ធ្នូនេះ បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២។ កម្មវិធីប្រកួតនេះធ្វើឡើងនៅក្នុងការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រ ៥ ធ្នូ ដែលរៀបចំដោយក្រសួងអប់រំ និងអង្គការទស្សនៈពិភពលោក ព្រមទាំងមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។
ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ៦ក្រុម ដោយក្រុមនីមួយៗមានសមាជិកចំនួន៥នាក់ បានឡើងធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួនទាក់ទងនឹងគំនិតផ្តួចផ្តើមការបង្កើតថ្មី ក៏ដូចជាការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីចូលរួមចំណែកជួយដល់សហគមន៍របស់ពួកគេផងដែរ។ បន្ថែមលើនេះ ក្រុមនីមួយៗបានបង្ហាញពីដំណើរការចាប់ផ្តើមគម្រោងរបស់ពួកគេ ការសហការណ៍ការងារក្រុម ការអនុវត្តគម្រោង ការជួយជំរុញគាំទ្រពីសំណាក់សាលារៀន លោកគ្រូអ្នកគ្រូ និងការសហការពីដៃគូជំនួយផងដែរ។
សមាសភាពក្រុមយុវជនឆ្នើមទាំង៦ មកពី ៦ខេត្តរួមមាន ក្រុមយុវជនមកពីខេត្តបាត់ដំបង បានលើកយកគម្រោងការចិញ្ចឹមឃ្មុំ នៅក្នុងសហគមន៍របស់ខ្លួន។ ក្រុមយុវជនមកពីខេត្តក្រចេះ បានលើកយកគម្រោងទាក់ទងនឹងបន្លែកសិកម្ម និងការដាំដុះដំណាំកសិកម្ម។ ក្រុមយុវជនមកពីខេត្តស្វាយរៀង បានលើកយកគម្រោងកសិកម្មបដិវត្តបៃតង។
ក្រុមយុវជនមកពីខេត្តកំពង់ចាម បានលើកយកគម្រោងទាក់ទងនឹងការបង្កើតApp ក្នុងវិស័យSTEM។ ក្រុមយុវជនមកពីខេត្តកំពង់ស្ពឺ បានលើកយកគម្រោង ការបង្កើតក្លឹបស្វ័យសិក្សានៅក្នុងវិទ្យាល័យ និងក្រុមយុវជនចុងក្រោយ មកពីខេត្តកំពង់ធំ បានលើកយកគម្រោងមូនិធិវិទ្យាល័យដើម្បីជួយដល់សិស្សក្រីក្រក្នុងការមានលទ្ធភាពបន្តការសិក្សា។
សូមជម្រាបថា បន្ទាប់ពីក្រុមយុវជនឆ្នើមទាំង៦ក្រុមបានធ្វើបទបង្ហាញរយៈពេល១៥នាទី ក៏មានការសួរសំណួរពីសំណាក់គណៈកម្មការចំនួន៥នាក់ ដើម្បីដាក់ពិន្ទុដល់ក្រុមទាំង៦នេះផងដែរ។ ចំពោះការប្រកាសលទ្ធផលគម្រោងឆ្នើមប្រចាំប្រទេសឆ្នាំ២០២២ និងចែកពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ នារសៀលម៉ោង ៤:០០ នៅថ្ងៃទី១៤ធ្នូនេះ៕