
សៀមរាប៖សាកលវិទ្យាល័យបៀលប្រាយ (Build Bright) និង សាកលវិទ្យាល័យអង្គរ(Angkor University)ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ បានចុះហត្ថលេខាជាមួយអាជ្ញាធរជាតិអប្សរា ក្នុងបំណងបើកឱកាសឱ្យក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ អាចយល់ដឹងអំពីសំណង់បុរាណ។
លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា បច្ចុប្បន្នធនធានមនុស្សខ្មែរ ដែលចេះជួសជុលនិងព្យាបាលថ្មប្រាសាទបុរាណ គឺនៅមានចំនួនតិចតួច ហើយការចុះហត្ថលេខានៅពេលនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់សាកលវិទ្យាល័យឯកជនទាំងពីរ ក្នុងការចូលរួមបណ្ដុះបណ្ដាលនិស្សិត ឱ្យល់ដឹងលើសំណង់បុរាណ ដើម្បីរួមចំណែកជួយអភិរក្សនិងថែរក្សាមត៌កដូន ឱ្យបានគង់វង្សយូរអង្វែង។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នជំនាញមួយ ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌលោកដ៏ល្បីល្បាញ ហើយអ្នកជំនាញអ្នកជំនាញរបស់អង្គការអាល្លឺម៉ង់ GIZ នឹងជួយបណ្ដុះបណ្ដាលដល់និស្សិតមកពីសាកលវិទ្យាល័យរបស់លោកឱ្យមានសមត្ថភាពពេញលេញ ដើម្បីរួមចំណែកអភិរក្សសំណង់ និង ប្រាសាទបុរាណនានាពេលអនាគត៕

