
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅថ្ងៃទី១១ធ្នូ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ មានទម្ងន់រហូតដល់ ៨៨៤ គីឡូក្រាម។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់ស៊ីស៊ីថាមស៍ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អភិបាលខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម។
បើតាមលោក ហេង ប៊ុនទី ក្នុង ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ អាជ្ញាធរខេត្តបានរឹបអូសយកវត្ថុតាងបានមួយចំនួន ហើយត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញ បានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ៕





