ភ្នំពេញ៖ ខ្ញុំសូមកោតសរសើរចំពោះគំនិតផ្ដួចផ្ដើម ដែលឱ្យពន្ធនាគារមានសៀវភៅ ព្រោះសៀវភៅអាចជួយបានច្រើន នៅក្នុងការបណ្ដុះបណ្ដាលជីវិតថ្មីឡើង។ នេះជាប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងកម្មវិធីបើកការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិកម្ពុជាលើកទី៩ កាលពីថ្ងៃទី០៩ ធ្នូ កន្លងទៅនេះ។
ថ្លែងក្នុងកម្មវិធីបើកការតាំងពិព័រណ៍សៀវភៅ លោកជំទាវ ភឿង សកុណា តាមផ្ទះនិមួយៗ គួរតែមានសៀវភៅបណ្ណាល័យសម្រាប់ខ្លួនឯង ព្រោះវាជាការបណ្ដុះបណ្ដាលនូវចំណេះដឹង ហើយការអាន ធ្វើឱ្យខួរក្បាលមានភាពរហ័ស ថែមទាំងទទួលបាននូវការវិភាគដែរល្អ និងស្គាល់ពីគុណតម្លៃនិងកេរ្ដិ៍ដំណែលរបស់អក្សរសាស្ដ្រជាតិ ផងដែរ។
លោកជំទាវ ភឿង សកុណា បានបន្ដថា បច្ចុប្បន្នអក្សរសាស្រ្តខ្មែរបានបាត់នូវតម្លៃ និងភាពសម្បូរបែប ហើយភាពសម្បូរបែបនោះ មាននៅក្នុងសៀវភៅ។ ហើយលោកជំទាវ បានបង្ហាញពីការពេញចិត្ត ដែលមានការដាក់សៀវភៅនៅក្នុងពន្ធនាគារ ព្រោះសៀវភៅអាចជួយបានច្រើន នៅក្នុងការបណ្ដុះបណ្ដាលជីវិតថ្មីឡើង។
នៅកម្មវិធីបើកការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិកម្ពុជាលើកទី៩ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) ក៏បានស្នើរសុំឱ្យស្តង់លក់សៀវភៅទាំងអស់នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាធ្វើការបញ្ចុះតម្លៃជូនមន្ត្រីពន្ធនាគារដែលជាវសៀវភៅសម្រាប់ដាក់នៅក្នុងបណ្ណាល័យពន្ធនាគារ ដើម្បីឱ្យទណ្ឌិតនិងជនជាប់ឃុំទាំងឡាយបានអាននិងក្រេបយកចំណេះដឹង ក្នុងការអភិវឌ្ឍខ្លួននាពេលអនាគត៕