ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ។ក្នុងនោះ ក្រសួងបានពន្យល់ថា ជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ ហើយ«តម្លៃចុះឈ្មោះ»ប្រណាំងកង់នៅបុណ្យសមុទ្រ គឺជាវិភាគទាន។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Cambodia 2023ថា ការប្រកួតប្រណាំងកង់នៅបុណ្យសមុទ្រ រៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ ពោលគឺមិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។
បើតាមលោក វ៉ាត់ ចំរើន ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និង ថវិកាបន្ដិចបន្ដួច។សម្រាប់តម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយដែលស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និង សុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង។លោកថា រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលភាគទាន។
គួរបញ្ជាក់ថា ក្នុងពិធីបុណ្យសមុទ្រក្នុងខេត្តព្រះសីហនុមានកម្មវិធីជាច្រើន ហើយការប្រកួតប្រណាំងកង់ក៏មាននៅក្នុងនោះដែរ។កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រមានអ្នកចូលរួមប្រមាណ១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា មានពលរដ្ឋនៅក្នុងបណ្តាញសង្គមបានរិះគន់ពីការផ្តល់ថវិកា១០ម៉ឺនរៀលដល់អ្នកទទួលបានជ័យលាភី ខណៈតម្លៃទិញពាក្យចូលប្រកួតប្រណាំង មានតម្លៃ៨ម៉ឺនរៀល។
តែយ៉ាងណាក្តី លោក វ៉ាត់ ចំរើន បានចាត់ចទុកអ្នករិះគន់នេះ ជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត ព្រោះជាបទពិសោធន៍ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ៕