
ព្រះសីហនុ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (ភ្នំពេញ និងព្រះសីហនុ) នឹងរៀបចំឱ្យមានតម្លៃសមរម្យសម្រាប់សិស្សដែលចង់សិក្សាជំនាញទេសចរណ៍ ខណៈការសិក្សានៅសាលាឯកជនគឺមានតម្លៃថ្លៃខ្ពស់ ព្រោះជាជំនាញដែលសំខាន់ មានតម្រូវការទីផ្សារការងារច្រើន និងទទួលបានប្រាកបៀវត្សខ្ពស់នៅពេលមានជំនាញស្ដង់ដា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្ដម ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានថ្លែងថា ដើម្បីជួយសម្រួលដល់ការសិក្សាជំនាញទេសចរណ៍របស់សិស្ស រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានបង្កើតសាលាជាតិទាំង២ទីតាំងនេះ ដើម្បីសម្រួលលទ្ធភាពក្នុងការសិក្សារបស់សិស្សដែលមានលទ្ធភាពតិចតួច ឬសិស្សក្រីក្រ។
លោកបានបន្ថែមថា «ជំនាញវិជ្ជាជីវៈទេសចរណ៍នេះគឺថ្លៃ រហូតដល់៤០០០ទៅ៥០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ឬអាចឡើងដល់៦០០០ដុល្លារអាម៉េរិក ដូច្នេះក្រសួងបង្កើតសាលាជាតិនេះឡើង គ្រោងថានឹងផ្ដល់នូវតម្លៃសមរម្យ ប្រហែលជា៦០០ទៅ៧០០ដុល្លារក្នុងមួយឆ្នាំ»។
ក្រៅពីនេះ សាលាក៏គ្រោងផ្ដល់អាហារូបករណ៍មួយចំនួនដល់សិស្សក្រីក្រ និងរកកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្ដល់កម្ចីឥណទានឱ្យសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍នៅសាលាជាតិនេះ ក៏ដូចជាកៀរគររកមូលនិធិជួយថវិកាផ្ដល់ឱ្យសិស្សទាំងនោះផងដែរ។
ឯកឧត្ដមនាយកសាលាបានបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះមាន៤ផ្នែកសំខាន់ៗ រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំង ដោយចំណាយថវិកាសរុប១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋ ហើយបានធ្វើពិធីក្រុងពាលីនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការ ក្រុមជំនាញការសាងសង់ជាច្រើនរូបទៀត៕



