ភ្នំពេញ៖ គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ដែលប្រព្តឹត្តទៅនាថ្ងៃទី០៩-១១ ធ្នូ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរនៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០បន្ទប់ឯណោះ។
ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ ហើយជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ»។
ឯកឧត្ដម គឹម សេរីរដ្ឋ បានបញ្ជាក់ទៀតថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។
បើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានប្រមាណ៨០ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។ នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន។ ក្នុងឱកាសបុណ្យសមុទ្រនេះដែរក៏មានភ្ញៀវជាតិកក់បន្ទប់ស្នាក់នៅច្រើនណាស់ដែរ ខណៈភ្ញៀវបរទេសក៏មានច្រើនដូចគ្នា៕