ព្រះសីហនុ៖ មន្ត្រីរាជការ និងយុវជនជាង២,៤០០នាក់ បានត្រៀមខ្លួនចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ធ្នូ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ ក្នុងសិក្ខាសលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ធ្នូ។
ឯកឧត្តម ហួត រិទ្ធី បានបញ្ជាក់អំពីសកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននៅព្រឹកថ្ងៃទី១០ ធ្នូ នៅពយសម្ដេចតេជោដែលមានអ្នកចូលរួមចំនួន៧១៦នាក់ និងដើមឈើចាំស្នេហ៍ដែលមានអ្នកចូលរួមចំនួន១,៦៩៩នាក់ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី១១ ធ្នូ មានសកម្មភាពធ្វើនៅឆ្នេរអូរឈើទាល (បន្ទប់ទឹកលេខ១) និងនៅឆ្នេរអូត្រេះ ដែលមានអ្នកចូលរួមប្រហាក់ប្រហែលគ្នានឹងថ្ងៃទី១០ដែរ។ ក្រៅពីនោះ ក៏មានស្ដង់លេខរៀង៤២ (VIP) ដែលមានការចាក់ផ្សាយវីដេអូអប់រំពាក់ព័ន្ធនឹងការទុកដាក់សំរាម និងមានការលេងហ្គេមអប់រំ ព្រមទាំងមានការផ្ដល់រង្វាន់។
នៅសកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាន នេះមានមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ និងយុវជនជាង២,៤០០នាក់ ឬមានច្រើនជាងនេះ បានត្រៀមខ្លួនចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ធ្នូ ។
ឯកឧត្តម ហួត រិទ្ធី ក៏បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន នាពេលកន្លងទៅផងដែរ៕