Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុនសាមសុងផ្ដល់សាមសុងថេប្លេត៨០គ្រឿងចែកជូនសិស្សានុសិស្សខេត្តកំពង់ចាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងផ្ដល់សាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៀតរួមមាន៖ សៀវភៅសរសេរ, ប៉ិច, ខ្មៅដៃ, ជ័រលុប និងប្រដាប់ឃួងខ្មៅដៃ ចែកជូនសិស្សានុសិស្សសាលាបឋមសិក្សានៅស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សិស្សានុស្សិ្សទទួលបានអំណោយទាំងនេះនៅក្នុងកម្មវិធីសាមសុងក្តីស្រឡាញ់ និងការមើលថែ (Samsung Love & Care) របស់ក្រុមហ៊ុនសាមសុង នៃសាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាមសុងដែលបានផ្តួចផ្តើមបង្កើតកម្មវិធី សាមសុងក្តីស្រឡាញ់ និងការមើលថែនេះឡើង ដោយបានផ្តល់ជាសម្ភារៈសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្ស និងផ្តល់ជា Samsung Tablets ដែលជាឧបករណ៍អេឡិកត្រូនិកដ៏ទាន់សម័យបំផុត ជូនដល់សាលាមួយចំនួនតម្កល់ទុកនៅក្នុងការិយាល័យសិក្សា ដើម្បីលោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងការស្តាប់សំឡេង និងអានភាសាបរទេស បានល្អត្រឹមត្រូវតាមសំឡេងដើម ក្នុងម៉ោងសិក្សាភាសាបរទេស។

ឯកឧត្តម បញ្ជាក់ថា សិស្សបឋមសិក្សាថ្នាក់ទី៣ មកពីសាលាចំនួន៣២ មកពីស្រុកបាធាយ និងស្រុកព្រៃឈរ ដែលមានសិស្សសរុបចំនួន ១,២០០នាក់ នឹងបានទទួលនូវសម្ភារៈសិក្សាមួយកញ្ចប់ម្នាក់ ដែលក្នុងមួយកញ្ចប់មាន សៀវភៅសរសេរ ៥ក្បាល, ប៉ិច៥ដើម, ខ្មៅដៃ៥ដើម, ជ័រលុប១ និងប្រដាប់ឃួងខ្មៅដៃ១។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសាមសុង ក៏បានផ្តល់សាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង ដល់សាលាចំនួន ៤០សាលា ដោយក្នុងមួយសាលាត្រូវទទួលបាន ថេប្លេតចំនួន ២គ្រឿង សម្រាប់លោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងម៉ោងភាសាបរទេស។

ឯកឧត្តមបន្ថែមថា ការចែកជូននៅពេលនេះ វាមិនបានគ្រប់គ្នាទាំងអស់នោះទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីសណ្តានចិត្តដ៏ប្រសើរថ្លៃថ្លា ក្នុងការជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងផ្តល់លទ្ធភាពដល់ លោកគ្រូ អ្នកគ្រូ បានសាបព្រោះចំណេះដឹងដល់សិស្សរបស់ខ្លួនលើការស្តាប់សូរ្យសំឡេងនៃការអានឱ្យបានត្រូវតាមសំឡេងដើម។

ជាមួយគ្នានេះ លោក ស្យុង គឿន លី (HYUNG GEUN LEE) នាយកគ្រប់គ្រង សាខាក្រុមហ៊ុនសាមសុងថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា សម្រាប់ក្រុមហ៊ុនសាមសុងកម្ពុជា មានទសន្សនៈថា កុមារគឺជាធតុផ្សំដ៏សំខាន់សម្រាប់ភាពរឹងមាំនៃប្រជាជាតិមួយ និងជាធនធានជំនាន់ក្រោយដ៏ប្រសើដែលនឹងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរុងរឿងក្នុងពេលអនាគត។ ហេតុនេះហើយ ទើបក្រុមហ៊ុនសាមសុង និងក្រសួងពាណិជ្ជកម្មបានរួមគ្នាខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ដោយផ្តោតសំខាន់ក្នុងការផ្ដល់ឱ្យកុមារកម្ពុជាបង្កើននូវចំណេះដឹងក្នុងការប្រើប្រាស់ភាសារអង់គ្លេសតាមរយៈសម្ភារៈសិក្សាទាំងនេះ ដើម្បីជាជំនួយក្នុងការនិយាយ និងការយល់ដឹងភាសាអង់គ្លេសឱ្យបានត្រឹមត្រូវ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង