Yearendyearend1140x150

«ខ្លាពពក»ជាសត្វជិតផុតពូជ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិរបស់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ខ្លាពពក ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ និងរូបភាពទទួលពីម៉ាស៊ីនថតស្វ័យប្រវត្តិ សត្វខ្លាពពកត្រូវបានរកឃើញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ មិនទាន់មានស្ថិតិថាសត្វខ្លាពពកមានចំនួនប៉ុន្មាននៅកម្ពុជាឡើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ខ្លាពពក ចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។

ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។

ខ្លាពពក មានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធណំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន។

អន្ទាក់និងការបរបាញ់គឺជាកត្តាគំរាមកំហែងដល់សត្វព្រៃរួមទាំងសត្វខ្លាពពក។ កាលពីចុងឆ្នាំ២០២១ កូនសត្វខ្លាពពកមួយក្បាលបានជាប់អន្ទាក់ព្រានព្រៃនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងបានស្លាប់ ក្រោយរបួសធ្ងន់ធ្ងរដោយសារអន្ទាក់។ ក្រសួងបរិស្ថាន សំណូមពរដល់ពលរដ្ឋដែលនិយមដាក់អន្ទាក់ និងហូបសាច់សត្វព្រៃ សូមបញ្ឈប់និងចូលរួមការពារនិងអភិរក្សឱ្យបានគង់វង្សសត្វព្រៃគ្រប់ប្រភេទ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង