ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅប្រទេសកម្ពុជា បានបិទបញ្ចប់ហើយកាលពីថ្ងៃទី ៦ ធ្នូ ឆ្នាំ២០២២ ដោយតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និង របៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ។តាមរយៈការប្រឡងរយៈពេល២ថ្ងៃមកនេះ យើងពិនិត្យឃើញថា មាតាបិតាសិស្សជាច្រើនមានយកចិត្តទុកដាក់យ៉ាងខ្លួនដល់ការសិក្សារបស់កូនៗ និង បានចូលរួមយ៉ាងសកម្មលើកទឹកចិត្តកូនៗរបស់ពួកគាត់។ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ មានកូនសិស្សមួយចំនួននៅតែពឹងផ្នែកលើរឿងអបិយជំនឿ ដើម្បីជួយដល់ដំណើរការប្រឡងរបស់ខ្លួនជាដើម។
វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្ដាល ជាមណ្ឌលប្រឡមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និង អ្នកជំនាញទាំងផ្នែកសាសនា និង អ្នកស្រាវជ្រាវ។ចាប់អារម្មណ៍ក្រោយពីឃើញនូវសកម្មភាពរបស់សិស្សដែលជាបេក្ខជនបានយកសំណែនជាច្រើនមកថ្វាយរូបសំណាក«សម្ដេចព្រះសង្ឃរាជជួនណាត»សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ជាសង្ឃចេះដឹងយល់ធ្លុះធ្លាយ ចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតទាំងអក្សរសាស្ត្ររបស់ជាតិ និង ពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណជាច្រើន។
ព្រះគ្រូវជីរប្បញ្ញោ សាន សុជា ជាព្រះធម្មកថិកសំដែងធម៌ទេសនាល្បីៗរបស់កម្ពុជា បានបង្ហាញនូវទស្សនរបស់ព្រះអង្គជុំវិញករណីនេះ ដោយព្រះអង្គមានសង្ឃដីកាថា «អ្នកប្រាជ្ញក្លាយជាអ្នកតា»។សម្រាប់ព្រះអង្គ អ្នកប្រាជ្ញកេីតចេញពីការរៀនសូត្រ មិនគួរជឿឆោតមិនគិតពិចារណ៍ បេីបន់ស្រន់លោកមិនខំសិក្សា អ្នកប្រាជ្ញក្លាយជាអ្នកតាប្រាកដ។
ចំណែកប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងចាត់ទុកការជឿរបស់មនុស្សគ្មានអ្នកណាគេចផុតទេ បើមិនជឿនេះក៏ជឿនោះដែរ តែកុំឳ្យហួសព្រំដែនពេក។បណ្ឌិតជំនាញស្រាវជ្រាវរូបនេះ យល់ថា បើរៀនចេះប្រឡងត្រូវតែជាប់ តែចេះខ្លះអត់ខ្លះបន់ទៅត្រូវហើយ ឱ្យចេញចំសំណួរចេះ តែបើមិនចេះបន់អ្វីក៏មិនជាប់ដែរ។
បើតាមលោកបណ្ឌិត សុខ ទូច ក្នុងវិទ្យាសាស្ត្រ អ្នករៀនគឺជាប់ អ្នកងាប់មិនអាចរស់វិញទេបន់ដល់ព្រះណាក៏ដោយ ត្រូវមានជំនឿលើខ្លួនឯង នោះទើបជោគជ័យក្នុងការសិក្សា គ្មានទេវតាណាមកជួយទេ។
តែយ៉ាងណាក៏ដោយ ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេន ចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតានានា។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្ន ព្រោះវាជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត ប្រសិនបើពលរដ្ឋមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទេនោះ៕