Cc time web banner 054637

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបបញ្ចប់ ដោយភាពជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ធ្នូ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ ហើយបេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។

ដំណើរការសំណេរនៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៦ ធ្នូ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ក្នុងនោះមានស្រី៦៨៧៧១នាក់ និងមានមណ្ឌលប្រឡង ២២១ ត្រូវជា ៥១៧៤បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិតចំនួន ២៧៥៦នាក់ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។

បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប) និងមានស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ មាន ០៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី គណៈមេប្រយោគមានបញ្ហាសុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ និងគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០១ករណីប៉ុណ្ណោះ។

ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ធ្នូ។ ហ៊ឹបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ចូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង