ភ្នំពេញ៖ សាលាបាក់ទូកជាបណ្ដុំនៃការរៀនគួ ក៏ដូចជាការលក់វិញ្ញាសារ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ទោះបីជាការប្រឡងបាក់ឌុប ខិតជិតមកដល់យ៉ាងណាក្ដី ក៏នៅតែមានសិស្សទិញសៀវភៅ ឬវិញ្ញាសារ។ ជាមួយគ្នា ថតចម្លងវិញ្ញាសារ សម្រាប់ការត្រៀមប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី០៥-០៦ ធ្នូ ខាងមុខនេះ។
អាជីវករលក់សៀវភៅ នៅជិតសាលាបាក់ទូកបានឱ្យដឹងថា រាល់ថ្ងៃនេះ ទោះបីជាជិតប្រឡងបាក់ឌុបក្ដី ក៏នៅតែមានសិស្សដែលត្រៀមប្រឡងមកទិញសៀវភៅជាហូហែរ។ ជាពិសេសសៀវភៅ ដែលនៅតែលក់ដាច់នោះ គឺសៀវភៅថ្នាក់វិទ្យាសាស្ដ្រ ដូចជាសៀវភៅគណិតវិទ្យា និងសៀវភៅជីវៈវិទ្យា ជាដើម។
បើតាមអ្នកថតចម្លងឯកសារ នៅជិតសាលាបាក់ទូក នោះដែរ បាននិយាយថា មិនមានសិស្សច្រើនឡើយដែលមកថតចម្លងវិញ្ញាសារ អាចមកពីការប្រឡងជិតមកដល់។ ម្យ៉ាងទៀតនោះ អាចមកពីសិស្សអនុវត្តលំហាត់ ឬវិញ្ញាសារធ្លាប់ចេញពីមុន តាមរយៈការរៀនគួ។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុប ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី០៥-០៦ ធ្នូ ហើយក្រសួងកំណត់យកថ្ងៃទី២៧ ធ្នូ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕