Yearendyearend1140x150

រដ្ឋបាលខេត្តបាត់ដំបង គ្រោងសាងសង់វិមានឯករាជ្យនិងផ្សាររាត្រីបាត់ដំបង ឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបង នាពេលខាងមុខនេះ។ អាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់របស់ពួកគេ ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះ ដោយទីតាំងចាស់នឹងជំនួសដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជីវករដែលកំពុងប្រកបអាជីវកម្មនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ រដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគេទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនទុកពួកគេចោលឡើយ។ ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសុំឱ្យអាជីវករទាំងអស់មេត្តាយោគយល់ផងដែរ ព្រោះថាការអភិវឌ្ឍគឺតែងតែមានការប៉ះពាល់មួយចំនួនតូចផងដែរ ដែលទាមទារឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាលះបង់ និងចូលរួមជាមួយរដ្ឋបាលខេត្ត ព្រោះថាការអភិវឌ្ឍគឺក្នុងគោលបំណងតែមួយគត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ ។

ទន្ទឹមនឹងនោះដែរ អាជីវករដែលលក់ដូរនៅតាមផ្សាររាត្រី និងនៅវិថីម្ហូបអាហារបច្ចុប្បន្ននេះ ក៏បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំទីតាំងលក់ដូរថ្មីរបស់អាជីវករទៅផ្សាររាត្រីបាត់ដំបងថ្មីមួយនេះ ហើយគាត់សង្ឃឹមយ៉ាងមុតមាំថាទីតាំងថ្មីនេះជាទីតាំងដែលធ្វើឱ្យគាត់បង្កើនការលក់ដូរឱ្យកាន់តែល្អប្រសើរជាងមុន ជាមួយនឹងបរិយាកាសថ្មី សោភ័ណភាពថ្មីដែលអាចបំពេញចិត្តដល់អតិថិជនរបស់គេបានកាន់តែច្រើនមួយកម្រិតទៀត ។

គួរបញ្ជាក់ថា ចំពោះទីតាំងផ្សាររាត្រីថ្មី ដែលរដ្ឋបាលខេត្តគ្រោងនឹងធ្វើការសាងសង់នាពេលខាមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ ហើយកន្លងមកក៏មានជនអនាថា ជនញៀនគ្រឿងញៀន ឬជនវិកលចរិកមួយចំនួនបានមកស្នាក់នៅ បំផ្លិចបំផ្លាញសួនច្បារនេះ បង្កឱ្យរងនូវការខូចខាតសម្បត្តិសាធារណៈមួយចំនួនផងដែរ ហើយចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអមុខមាត់សួនច្បារនេះឱ្យកាន់តែឱ្យកាន់តែស្រស់ស្អាតជាមុន និងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតផងដែរ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង