Yearendyearend1140x150

គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ វិច្ឆិកា នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។នេះជាព័ត៌មានដ៏រំភើបមួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ក្រោយពីការតស៊ូមតី និង ខិតខំប្រឹងប្រែងអស់ជាង១ទសវត្សរ៍កន្លងមក គុនល្បុក្កតោ របស់កម្ពុជាត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ព័ត៌មាននេះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលសម្ដែងការអបអរសាទរ និងរំភើបរីករាយក្រៃលែង ចំពោះការដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO នៅពេលនេះ ព្រោះវាគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់កម្ពុជា។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ។ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គុនល្បុក្កតោ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង