
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗសរុបចំនួន៣៧គ្រឿង ដែលក្នុងនោះម៉ូតូអគ្គិសនីមានចំនួន៣០គ្រឿង និង៧គ្រឿងទៀតជារថយន្តអគ្គិសនី។ ពិធីប្រគល់-ទទួលនូវយានយន្តអគ្គិសនីនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមសេចក្ដីប្រកាស នាឱកាសនេះក៏មានការប្រគល់ទទួលនូវយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗ ដែលរួមមាន៖ ១. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ជូនម៉ូតូអគ្គិសនីចំនួន ៣០គ្រឿង,២. ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ២គ្រឿង, និង ៣. ក្រុមហ៊ុន BYD បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ១គ្រឿង ហើយជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនដៃគូចំនួន ៤គ្រឿងបន្ថែមទៀតផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីកំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល១០ខែចុងក្រោយនេះ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ការតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត៕






