Yearendyearend1140x150

ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានសម្ពោធជាឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី តាមរយៈគម្រោង “ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នាឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី និងមានការចូលរួមពីតំណាងស្ថាប័នឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីកំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងសាធារណការ បានលើកឡើងថា កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវការបង្កើនការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបានរហូតដល់៧០% នៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយ និងជំរុញឱ្យមានការប្រើប្រាស់ទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន។ ភាពជោគជ័យនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូននេះអាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននាពេលអនាគត។

ក្រសួងបញ្ជាក់ថា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរកដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជនចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ខ្លួន បាន១ទីតាំងផងដែរ។

ថ្មីៗនេះដែរ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០ទីតាំងបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន BYD គ្រោងនឹងដំឡើងចំនួន ២០០ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ផងដែរ។នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង