
កំពង់ស្ពឺ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩វិច្ឆិកានេះ បានចេញសេចក្តីសម្រេចបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្តី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។
បើតាមការរាយការណ៍ពីសាច់ញាតិរបស់ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ដែលបានទៅឆ្លុះអេកូសាស្រ្ត ហើយគ្រូពេទ្យបានប្រាប់ថា កូនខូចក្នុងពោះ បានទៅគ្លីនិកមួយកន្លែងឈ្មោះ «មន្ទីរសម្រាកព្យាបាលដើមអង្រ្កង» ស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៧ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីយកកូនចេញ បានធ្វេសប្រហែសកាត់ពោះវៀនរបស់ស្រ្តីនោះបណ្ដាលឲ្យបាត់បង់ជីវិតតែម្ដង។
ករណីនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងបានរិះគន់យ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ឬគ្លីនិកដែលបានធ្វេសប្រហែង។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន មុខរបរជាកម្មការនីរោងចក្រកាត់ដេរ មានទីលំនៅ ស្រុកជុំគីរី ខេត្តកំពត និងបានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនស្រីម្នាក់ អាយុ៣ឆ្នាំ៕