Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ស្នើឥណ្ឌូនេស៊ី ជំរុញការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើឥណ្ឌូនេស៊ី ពិនិត្យលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី អាចសហការ ជាមួយកសិករកម្ពុជា ដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ។ ការស្នើនេះត្រូវបានសម្តេច លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេច បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេច ក៏បានស្នើឥណ្ឌូនេស៊ី ពិនិត្យលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងឡសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីសម្ងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី អាចសហការ ជាមួយកសិករកម្ពុជា ដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ។

លោកស្រី ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រីប្រធានរដ្ឋសភាឥណ្ឌូនេស៊ី។ សម្ដេចបានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា នាងប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីបញ្ហាខាងលើ នៅក្នុងជំនួបនោះសម្ដេច ហ៊ុន សែន និងលោកស្រីប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង