Cc time web banner 054637

សម្តេច ហ៊ុន សែន៖ទំនាក់ទំនងកម្ពុជា-អាម៉េរិក បច្ចុប្បន្នមានភាពល្អប្រសើរជាងពេលណាៗទាំងអស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនង កម្ពុជា-អាម៉េរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។ សម្តេចថ្លែងបែបនេះក្នុងជំនួបរវាង សម្ដេច ជាមួយ លោក ហ្រ្គឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាម៉េរិក។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន និងលោក ហ្រ្គឺហ្គូរី មីក បានសម្តែងនូវ សេចក្ដីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-អាម៉េរិក ព្រមទាំងបានពិភាក្សា និង មានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ លោកតំណាងរាស្ត បានមានប្រសាសន៍ថា អាម៉េរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-អាម៉េរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់។

ជាមួយគ្នានោះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជា នៅក្នុងរយៈពេលពីរសប្តាហ៍នេះ របស់ លោកប្រធានាធិបតី ចូ បដិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក ហ្រ្គឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និងលោករដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដោយគូសបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ ក៏ដូចជាការផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។

លោក ហ្រ្គឺហ្គូរី មីក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយលោកក៏បានកោតសរសើរសម្ដេចនាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០កម្ពុជាផងដែរ។

សូមជម្រាបថា សម្តេច ហ៊ុន សែន និងលោក ហ្រ្គឺហ្គូរី មីក បានប្ដេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កម្ពុជា-អាម៉េរិក នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកតំណាងរាស្ត្រមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង